Breaking News

ភាពអាថ៌កំបាំងនៃការបាត់ព្រះកាយរបស់ព្រះបាទជ័យវម៌្មទី៧?

ទស្សនៈទី១ ព្រះបាទជ័យវម៌្មទី៧ ទ្រង់អាចសោយទីវង្គតដោយជម្ងឺធ្ងន់ដែលពុំមានថ្នាំសម្រាប់ព្យាបាល ព្រោះនៅសម័យកាលនោះការព្យាបាលរោគគេប្រើតែ សំបកឈើ មើមឈើ ឬរុក្ខាផ្សេងៗ យកមកផ្សំធ្វើថ្នាំព្យាបាលជម្ងឺ។ ហេតុនេះហើយចំពោះឱសថប្រភេទនេះ អាចព្យាបាលតែជម្ងឺស្រាលៗដូចជា គ្រុនក្ដៅ ក្អក ឬផ្ដាស់សាយ ប៉ុន្តែបើមានជម្ងឺធ្ងន់ដូចជា គ្រុនក្ដៅខ្លាំង គ្រុនរងារ ជម្ងឺអុតធំ អុតស្វាយ ជម្ងឺរាគមូល គេមិនអាចព្យាបាលបានឡើយ ហើយអ្នកជម្ងឺមានតែរងចាំសេចក្ដីស្លាប់ប៉ុណ្ណោះ។ ដូច្នេះព្រះបាទជ័យវម្ម៌ទី៧ ប្រហែលជាទ្រង់មានជម្ងឺធ្ងន់ ហើយទ្រង់មិនចង់ឲ្យមានផលលំបាកដល់អ្នកផ្សេងក្នុងការមើលថែព្រះអង្គ ហេតុនេះព្រះអង្គទ្រង់ក៏សម្រេចព្រះទ័យគេចព្រះកាយទៅគង់នៅទីកន្លែងស្ងាត់កំបាំងណាមួយដែលគ្មានមនុស្សម្នាណាបានដឹង ឬទៅហើយទ្រង់ក៏បានយាងសោយទីវង្គតនៅទីកន្លែងនោះទៅ។ សិលាចារឹកនៅ សាយហ្វុង ទល់មុខទីក្រុងវៀងច័ន្ទប្រទេសឡាវសព្វថ្ងៃ ហើយជាអតីតមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា ជម្ងឺរបស់ប្រជារាស្ត្រ ធ្វើឲ្យព្រះអង្គឈឺចាប់ជាងជម្ងឺរបស់ព្រះអង្គទៅទៀត
 
ទស្សនៈទី២​ ព្រះបាទជ័យវម្ម៌ទី៧ ទ្រង់អាចសោយទីវង្គតដោយសារគេលួចធ្វើឃាត ដើម្បីឡើងសោយរាជ្យជាព្រះមហាក្សត្រនៅក្រុងអង្គរ។ ចំពោះលក្ខណៈនេះមិនសមហេតុសមផលទេ ព្រោះអ្នកដែលឡើងសោយរាជ្យបន្តពីទ្រង់គឺព្រះរាជបុត្រារបស់ព្រះអង្គព្រះនាម ឥន្ទ្រវម្ម៌ទី២ (១២២០-១២៤៣)។
 
ទស្សនៈទី៣ គឺជាការសន្និដ្ឋានរបស់លោក សាស្ត្រាចារ្យ វង់ សុធារ៉ា គាត់បានបង្ហាញថា ចំពោះរឿងរ៉ាវនៃការបាត់ព្រះកាយដោយស្ងៀមស្ងាត់នឹងអាថ៌កំបាំងរបស់ ព្រះបាទជ័យវម្ម៌ទី៧ ដែលអតីតស្ដេចចម្បាំងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ នឹងក្នុងទំព័រនៃប្រវត្តិសាស្ត្រកម្ពុជានាសតវត្សទី១៣នោះ ថារឿងនេះអាចបណ្ដាលមកអំពីព្រះអង្គចង់រក្សា អធិបតេយ្យភាព របស់ប្រទេសជាតិ ទើបទ្រង់មិនចង់ប្រកាសអំពីមរណភាពរបស់ព្រះអង្គឲ្យនរណាម្នាក់បានដឹងឮ។ ព្រោះទ្រង់យល់ថា
·ទ្រង់ជាស្ដេចចម្បាំង ដោយសារទ្រង់ធ្វើសង្គ្រាមឈ្នះ ៧៨សមរភូុមិនៅនគរចម្ប៉ា
·ក្រុងអង្គរជារាជធានីដ៏អស្ចារ្យដែលបណ្ដាជនទាំងឡាយនិងរដ្ឋមួយចំនួនមានចិត្តប្រាថ្នាចង់បានយកមកធ្វើជាកម្មសិទ្ធិ
·សត្រូវអាចចូលឈ្លានពានជាយថាហេតុ ក្រោយពេលដែលពួកគេបានទទួលដំណឹងមរណភាពរបស់ព្រះអង្គភ្លាម
·ព្រះអង្គមានការព្រួយបារម្មខ្លាចក្រែងថាកងទ័ពពេលទៅសមរភូមិគ្មានចិត្តធ្វើចម្បាំង ហើយបង្កទៅជាចលាចលនាំបរាជ័យ ដោយសារការបាត់បង់មេទ័ពព្រោះថា នៅសម័យនោះព្រះរាជាមានតួនាទី២ គឺជាព្រះមហាក្សត្រនិងជាមេទ័ព។
·ទ្រង់ចង់រក្សាអនុភាពរបស់ព្រះអង្គ ទុកបំបាក់ស្មារតីរបស់សត្រូវដែលមានបំណងគិត
ចង់ឈ្លានពាន ទឹកដី ពិសេសគឺ ក្រុុមជនជាតិសៀម អម្បូរជនជាតិតៃ ដែលបានភៀសខ្លួនមកពីតំបន់ណានចាវប្រទេសចិន។ លើសពីនេះទៅទៀតជនជាតិយួន ដែលជាទាសកររបស់ប្រទេសចិននៅតំបន់យូណាន ហើយបានភៀសខ្លួនចេញហើយនឹងជនជាតិចាមដែលជាក្ដីបារម្ភធំបំផុតរបស់ព្រះអង្គ។ ហើយរឿងរ៉ាវស្រដៀងគ្នានេះដែរ គឺរឿងរ៉ាវនៃការយាងសោយទីវង្គតរបស់ព្រះចៅអធិរាជ នៃប្រទេសម៉ុងហ្គោលគឺ ព្រះបាទហ្សង់ហ្សុីខាន់ នៅក្នុងឆ្នាំ ១១៦៥?-១២២៧ គឺដំបូងឡើយនៅប្រទេសម៉ុងហ្គោលជាដែនដីមួយ ដែលចម្រុះទៅដោយក្រុមកុលសម្ព័ន្ធច្រើនរស់នៅ ហើយតែងតែបង្ករជាសង្គ្រាមជាមួយគ្នាឥតមានពេលឈប់ឈរ។ សូមបញ្ជាក់ផងដែរថាសម័យនោះ ប្រទេសម៉ុងហ្គោលគឺជាប្រទេសមួយ ដែលមានប្រជាជនច្រើនរស់នៅលាយឡំគ្នា។
 
            ស្ថិតនៅក្នុងស្ថានការបែបនេះ ហ្សង់ ហ្សុីខាន់ ក្នុងឋានៈលោកជាមេក្រុមនៃកុលសម្ព័ន្ធមួយ លោកក៏បានលើទ័ពទៅធ្វើការវាយ ពង្រាបក្រុមកុលសម្ព័ន្ធផ្សេងៗជាច្រើន ឲ្យរាបទាបអស់ហើយដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនតែមួយ។ ចំពោះរឿងនេះ ហ្សង់ ហ្សុីខាន់ បានចំណាយពេលអស់ច្រើនឆ្នាំ ហើយប្រយុទ្ធអស់ជាច្រើនសមរភូុមិទើបសម្រេចដូចក្ដីបំណង។ ក្រោយពេលរៀបចំស្រុកទេសឲ្យមានស្ថេរភាពហើយ នៅឆ្នាំ១២០៦ ហ្សង់ ហ្សុីខាន់ ក៏បានប្រកាសខ្លួនឯងឡើងសោយរាជ្យជាស្តេច ក្នុងការគ្រប់គ្រងលើទឹកដីនៃប្រទេសម៉ុងហ្គោលទាំងមូល។ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ នៅប្រទេសម៉ុងហ្គោលមានសន្តិភាព និងមានការរីកចម្រើនស្ទើរគ្រប់វិស័យ ប៉ុន្តែអ្វីដែលសណខាប់នឹងគួរឲ្យចាប់អារម្មណ៍នោះគឺនៅកាលចុងក្រោយនៃការឡើងសោយរាជ្យស្ដេចចម្បាំងរូបនេះមានព្រឹត្តិការណ៍សំខាន់មួយបានកើតឡើង គឺនៅឆ្នាំ១២២៧ ពេលដែលព្រះអង្គទ្រង់មានព្រះរាជបំណងចង់វាយយកពិភពលោកទាំងមូលទុកសម្រាប់ឲ្យប្រជាជនរបស់ព្រះអង្គរស់នៅ ព្រះអង្គទ្រង់ក៏ស្រាប់តែមានប្រឈួនឈឺជាទម្ងន់ ដោយដឹងថាព្រះអង្គទ្រង់មិនអាចមានជីវិតគង់នៅតទៅមុខទៀតបាន ព្រះអង្គក៏បានត្រាស់ទៅបុត្រាព្រះអង្គថា បើកាលណាព្រះអង្គយាងសោយទីវង្គតទៅដាច់ខាតមិនត្រូវប្រកាស ឬធ្វើពិធីបុណ្យព្រះរាជសពថ្វាយដល់ព្រះអង្គឡើយ ដោយទ្រង់មានហេតុផលសំខាន់បីយ៉ាង៖
 
            ១.ព្រះអង្គទ្រង់ជាស្ដេចចម្បាំងដ៏ខ្លាំងក្លា បើសិនជាពួកគេដឹងថា ព្រះអង្គយាងសោយទីវង្គតទៅ ការបះបោរប្រាកដជានឹងកើតមានឡើងនៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសគឺពួកស្ដេចត្រាញ់នៅតាមតំបន់ និងក្រោកឡើងប្រកាសខ្លួនជាស្ដេចរៀងៗខ្លួន ហើយដែលអាចនាំឲ្យមានសង្គ្រាមកើតឡើង ហើយនិងធ្វើឲ្យប្រជាជនរស់នៅមិនបានសេចក្ដីសុខ។
 
            ២.ព្រះចៅអធិរាជ ហ្សង់ ហ្សុីខាន់ មានការព្រួយបារម្មខ្លាចក្រែងរដ្ឋនៅក្រោមចំណុះ ក្រោកឡើងប្រឆាំង ហើយប្រកាសខ្លួនចេញពីការគ្រប់គ្រង និងម្យ៉ាងទៀតទ្រង់បារម្មថាក្រោយពេលទ្រង់សោយទីវង្គតទៅសង្គ្រាមស៊ីវិលអាចនឹងកើតមានឡើងនៅពេលណាមួយ រវាងសមាជិកនៅក្នុងក្រុមគ្រួសារនៃរាជបង្សានុវង្សរបស់ព្រះអង្គ ដែលអាចនាំទៅដល់ការអូសបន្លាយដែលមិនមានថ្ងៃបញ្ចប់ ហើយវាអាចនាំឲ្យកើតមានជាវិបត្តិផ្សេងៗនៅក្នុងសង្គមជាតិទាំងមូល។
 
            ៣.ប្រទេសម៉ុងហ្គោលមានប្រជាជនច្រើនណាស់ ហើយតម្រូវឲ្យមានការធ្វើសង្គ្រាមជាមួយប្រទេសនានា ដើម្បីបានជាទីតាំងទុកឲ្យប្រជាជម៉ុងហ្គោលរស់នៅ ព្រោះថាជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសនេះត្រូវពឹងផ្អែកទាំងស្រុងលើការ ចិញ្ចឹិមសត្វ និងបរបាញសត្វ។ ហើយការដែលទ្រង់ធ្វើបែបនេះគឺ ដើម្បីកុំឲ្យកងទ័ពបាក់ទឹកចិត្ត គ្មានស្មារតីក្នុងការប្រយុទ្ធនៅលើសមរភូមិ។
            ទៅជាយ៉ាងនេះក្ដីចក្រភពរបស់អធិរាជ ហ្សង់ ហ្សុីខាន់ មិនបានបញ្ចប់ត្រឹមការសោយទីវង្គតរបស់ព្រះអង្គឡើយ មិនតែប៉ុណ្ណោះចក្រភពនេះអាចបន្តភាពល្បីល្បាញរបស់ខ្លួន អស់រយៈពេលរាប់រយឆ្នាំតទៅមុខបន្តទៅទៀត ហើយអ្នកដឹកនាំភាគច្រើនបានកើតចេញពីក្រុមគ្រួសារនៃរាជវង្សានុវង្ស របស់ព្រះអង្គ មានដូចជា បាទូ ខាន់ គួប៊ី ឡៃខាន់ ទែ មេឡាន់ និង ហ្សា ចាហាន់ ហើយក្រៅពីអ្នកទាំងអស់នេះទៅ ក៏នៅមានអ្នកជំនាន់ក្រោយសំខាន់ៗជាច្រើនរូបថែមទៀត។
            បើតាមរយៈ ប្រភពព័ត៌មាននៃសិលាចារឹកជាច្រើនក៏បានបង្ហាញឲ្យអ្នកសិក្សា និងអ្នកស្រាវជ្រាវបានដឹងបន្ថែមទៅទៀតថានៅក្រោយពេលដែល ព្រះបាទជ័យវម្ម៌ទី៧ ទ្រង់យាងសោយទីវង្គតទៅព្រះអង្គទ្រង់បានបានបន្សល់ទុកនូវមច្ឆាមរណនាមរបស់ព្រះអង្គមួយដែលមានឈ្មោះថា ព្រះមហាបរមសៅគតបទ ចំណុចនេះហើយដែលធ្វើឲ្យគេកាន់តែជឿជាក់ថា ព្រះអង្គទ្រង់គឺពិតជាអ្នកដែល គោរពពុទ្ធសាសនា យ៉ាងមុតមាំពិតប្រាកដមែន។

No comments